ក្រសួងអប់រំ ចេញសេចក្ដីណែនាំ ទប់ស្កាត់​ការប្រព្រឹត្តិខុសទៅលើអត្ថន័យទិវានៃក្តីស្រឡាញ់ …​


ភ្នំពេញ៖​ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំមួយ ស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវានៃក្តីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០១៩​ (អាចមានរយៈពេល២-៣ថ្ងៃ មុនថ្ងៃ១៤កុម្ភៈ)។

ខ្លឹមសារសេចក្ដីណែនាំនេះ មានដូចតទៅ ៖

១-​ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យ​មាន​ការ​យល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់។

២-​ ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឺងម៉ាត់ ជាពិសេស​លើការ​គ្រប់គ្រង​សីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។

៣-​ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត»។

៤-​ ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ដើម្បីផ្តល់ និងទទួល​ព័ត៌មាន​នានា​ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បី​សហការ​គ្នាអប់រំ​ណែនាំ​កែលម្ផ​សិស្សា​នុសិស្ស បានទាន់ពេលវេលា។

ទាក់ទិននឹងសេចក្ដីណែនាំនេះ ក្រុមមហាជនបានលើកឡើងផងដែរថា​ សូមយុវជន យុវតី កុំយក​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ទៅប្រព្រឹត្តិស្នេហាបែបកាមគុណ រួមរ័ក រួមភេទបែបស៊ីជម្រៅឱ្យសោះ …​ អត្ថន័យ ទិវា​នៃ​ក្តី​ស្រឡាញ់​ វាមិន​សំដៅទៅលើផ្នែកកាមគុណនោះទេ គឺសំដៅទៅលើមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា ជាលក្ខណៈគ្រួសារ មិត្តភាព​​ មិត្តភក្ដិ​ ញាតិសន្ដាន​ និងក៏ជាស្នេហាបែបរ៉ូមិនទិចដែរ ប៉ុន្តែមិនខុសគន្លងប្រពៃណី (មិនដល់ថ្នាក់កាមគុណ)៕