ផ្លូវ​បំបែក​ស្រែអំបិល​រថយន្ត​បែនដឹក​ថ្ម​ ​ក្រឡាប់​កិន​រថយន្ដ​CRV ដែលចត​នៅ​ចិញ្ចើម​ផ្លូវ​ បណ្តាលឲ្យស្លាប់​ប្តី​ក្នុង​រថយន្ត​ដែល​កំពុង​អង្គុយ​ចាំ​ប្រពន្ធ​និង​កូន​ៗ

 ខេត្ត​ព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា វេលា​ម៉ោង​ប្រមាណ​៩:៤​០​នាទី​ព្រឹកថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៩​ នេះ​ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​មួយ​ កេីត​ឡេីង​ នៅ​ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ  បង្កដោយរថយន្តបែនដឹកថ្ម១គ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ​ កំពង់ធំ3A-1369 មានទិសដៅពី​ស្រុក​ស្រែអំបិល​ មក​ផ្លូវ​ជាតិ​លេខ​៤​ ពេល​ចុះចំណោត​ ហ្វ្រាំង​មិន​ស៊ី​ បាន​មកបុកនឹងរថយន្ត​ CRV​ ១គ្រឿងដែលឈប់ចតនៅ​ចិញ្ចើម​ផ្លូវ​ បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើតែម្ដង រថយន្ត​CRV ពណ៌ ទឹកប្រាក់ ស្លាកលេខភ្នំពេញ​ 2M-2821 បើកបរដោយឈ្មោះសុទ្ធ រិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន ២នាក់​ ប្រពន្ធនិងកូន (តែ​មុនពេលកើតហេតុ​ ប្រពន្ធ​ និងកូន បានចុះទៅទិញ​ចំណី​អាហារ​ មិនបាននៅក្នុងរថយន្តទេ ) ។

សមត្ថកិច្ចបានបន្ដថាគ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្ស ១នាក់ និង រងរបួសមនុស្សចំនួន១នាក់៖
១-ឈ្មោះ សុទ្ធ រិទ្ធី​ អ្នក​បេីក​រថយន្ដ​CRV​ គាប​ស្លាប់​ នៅក្នុង​រថយន្ត​ ។

២-អ្នកបើកបររថយន្ត HYUNDAI រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។

រថយន្តទាំងពីរ ខូចខាតធ្ងន់ សមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដេីម្បីដោះស្រាយបន្ត ៕