សម្តេចតេជោ ហ៊ុន សែន ៖ ដើម្បីឲ្យតម្លៃសាំងស្ថិតនៅ ៣,៣៥០រៀលក្នុងមួយលីត្រ រដ្ឋត្រូវជួយចេញ២សេន និងឯកជនជួយចេញ២សេន


កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីលើកទី១០ នៅក្នុងខេត្តកណ្តាល នៅថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សរុបប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយចំពោះស្ថានភាពក្នុងវិស័យការងារនាពេលបច្ចុប្បន្ន ដែលបានវិវឌ្ឍន៍តាំងពីប្រាក់ឈ្នួលត្រឹមជាង៤០ដុល្លារ កាលពីអំឡុងឆ្នាំ១៩៩៧ មកដល់ប្រមាណ ១៨២ដុល្លារនៅឆ្នាំ២០១៩នេះ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរពីការដំឡើងប្រាក់ឈ្នួលជូនកម្មករ កម្មការិនី និងដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ រាជរដ្ឋាភិបាលក៏គិតគូរពីម៉ាក្រូសេដ្ឋកិច្ច ជាពិសេសទប់ស្កាត់ការឡើងថ្លៃទំនិញផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ដើម្បីឲ្យតម្លៃសាំងស្ថិតនៅ ៣,៣៥០រៀលក្នុងមួយលីត្រ រដ្ឋត្រូវជួយចេញ២សេន និងឯកជនជួយចេញ២សេន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះកម្ពុជាសល់ស្រូវរហូតដល់ ៦លានតោន។ តែគោលដៅនាំចេញអង្ករឲ្យបាន ១លានតោនក្នុងមួយឆ្នាំមិនទាន់សម្រេចនៅឡើយទេ ព្រោះតែមានដៃគូដ៏ខ្លាំងក្លាមានដូចជាវៀតណាម និងថៃជាដើម។
  • សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យផលិតជីនៅក្នុងស្រុកផងដែរ ដើម្បីធ្វើឲ្យជីមានតម្លៃថោកជួយសម្រួលដល់ការដាំដុះមានតម្លៃកាន់តែទាប។ សម្តេចតេជោ បានថ្លែងថា មានតែការធ្វើឲ្យតម្លៃដើមផលិតមានកម្រិតទាប ទើបកម្ពុជាមានលទ្ធភាពប្រកួតប្រជែងតម្លៃជាមួយប្រទេសនាំចេញអង្ករដទៃទៀត
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាស្វាគមន៍គ្រប់អ្នកវិនិយោគមកពីគ្រប់ប្រទេសទាំងអស់ មករកស៊ីក្រោមដំបូលសន្តិភាព និងការប្រកាន់របបនយោបាយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ជាមួយប្រជាជន មិនដែលរត់ចោលប្រជាជនម្តងណានោះឡើយ។
  • សម្តេចតេជោ ហ៊ុន សែន បានឲ្យប្រជាពលរដ្ឋកត់ចំណាំទុកថា សម្តេចអត់មានសញ្ជាតិបរទេស អត់មានផ្ទះនៅបរទេសនោះទេ ដូច្នេះសម្តេចគ្មានថ្ងៃរត់ចោលបរទេសនោះឡើយ គឺនៅខាំស្មៅរួមរស់ជាមួយប្រជាពលរដ្ឋ។
  • សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅកម្មករ កម្មការិនីថា ដរាបណានៅទទួលបានប្រាក់ឈ្នួល និងមានការងារធ្វើកុំឲ្យខ្វល់ពីនរណានិយាយអ្វីទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នមានមនុស្សធ្វើសេចក្តីថ្លែងការណ៍ជាសង្គ្រាមចិត្តសាស្ត្រយ៉ាងច្រើន តែសម្តេចសប្បាយរីករាយ ដែលកម្មករ កម្មការិនី ប្រជាពលរដ្ឋមិនមាននរណាតក់ស្លុតតាមរយៈការបំផុសបំផុលទាំងអស់នោះ។
  • សម្តេចតេជោ ហ៊ុន សែន ជាថ្មីម្តងទៀត បានអំពាវនាវដល់ឪពុកម្តាយ និងសាធារណជនកុំរើសអើងចំពោះមនុស្សភេទទី៣។
  • សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អាជ្ញាធរទាំងអស់ដោះស្រាយបញ្ហាកង្វះទឹកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹក។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបាលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ នឹងមានការតភ្ជាប់វីដេអូ Conference ទៅកាន់តាមបណ្តាខេត្ត និងកងទ័ពផងដែរ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះរកថវិកាបានប្រមាណ ៥០ម៉ឺនដុល្លារហើយ សម្រាប់បង្កើតក្រុមមេធាវីមួយសម្រាប់ការពារក្តីឲ្យស្ត្រីក្រីក្រ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកានេះមិនមែនជាថវិកាជាតិនោះទេ គឺជាថវិការបស់សម្តេចផ្ទាល់តែម្តង។ សម្តេចតេជោ បានបញ្ជាក់ថា ក្រុមមេធាវីការពារក្តីឲ្យស្រ្តីក្រីក្រនេះ មានសមាជិកប្រមាណ ៥០នាក់ រួមជាមួយក្បាលម៉ាស៊ីន ប្រធាន១នាក់ និងអនុប្រធាន៤នាក់។
  • សម្តេចតេជោ បានអំពាវនាវដល់កម្មការិនីទាំងអស់ពេលមានក្តីក្តាំ សូមយកក្រុមមេធាវីរបស់សម្តេច ដើម្បីការពារក្តីដោយមិនគិតប្រាក់៕