លោកស្នងការថា លោកស្នងការរងយករថយន្តពន្លត់អគ្គីភ័យអង្គភាពទៅប្រើប្រាស់ជាលក្ខណៈឯកជនមិនឆ្លងយោបល់លោក

ខេត្តកណ្តាល ៖ សូម្បីតែក្រុមគ្រួសារដ៏តូចមួយក៏កូនៗគោរពប្រតិបត្តិឳពុកម្តាយរបស់គេ ដោយមុននឹងធ្វើអ្វីឬទៅណាមកណា គេតែងតែប្រាប់ឳពុកម្តាយគេជាមុន បើមានការអនុញ្ញាតិទើបគេទៅ បើគ្មាន ការអនុញ្ញាតិនោះទេ គេមិនហ៊ានទៅឡើយ។ ចុះទំរាំនគរបាលមានតួនាទីជាស្នងការរងចេះច្បាប់ ចេះវិន័យ នៅក្នុងអង្គភាព មានមេមានកើយត្រឹមត្រូវបែរជាហ៊ានធ្វើអ្វីមួយទៅតាមអំពើចិត្តបែបនេះ ថ្នាក់រថយន្តពន្លត់អគ្គីភ័យរបស់ក្រសួងមហាផ្ទៃប្រគល់ជូនអង្គភាពទុកសម្រាប់ ជួយសង្គ្រោះពលរដ្ឋដែលជួបគ្រោះអាសន្ននានា ទៅប្រើប្រាសជាលក្ខណៈឯកជន យកទឹកទៅផ្តល់ឲ្យការរដ្ឋានសំណង់ដោយគ្មានឆ្លងយោបល់លោកស្នងការខេត្ត១ម៉ាត់ សបញ្ជាក់ថាជាទង្វើមួយមិនគោរពមេកើយ ។

សកម្មភាពដ៏គឃ្លើនបែបនេះ បានកើតឡើងនៅថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៩ ទៅផ្តល់ទឹកឲ្យការរដ្ឋានសំណង់នៅក្នុងភូមិលេខ៤ ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានមានប្រសាសន៍តាមគ្រុប វ៉ត់ស្អាប់ស្នងការខេត្តកណ្តាលថា ក្រោយពីលោកមកពីបំពេញភារកិច្ចនៅឯស្រុកអង្គស្នួលដោយលោកហត់នឿងពេកក៏សម្រាកបន្តិចលុះពេលភ្ញាក់ឡើងស្រាប់តែឃើញបណ្តាញសង្គម និងព័ត៌មានបានផ្សាយឡានទឹក១គូររបស់អង្គភាពទៅផ្តល់ទឹកឲ្យការរដ្ឋានសំណង់ជាលក្ខណៈឯកជន ដោយលោកមិនបានទទួលដំណឹងម៉ាបន្តិចណាសោះ ។

លោកបានបន្តថា ក្រោយពីសួរនាំមន្ត្រីក្រោមឱវាទទើបដឹងថា ឡានទឹកទាំងពីរគ្រឿងនោះ មានគេពឹងពាក់លោក តោ សឿន ជាប្រធានការិយាល័យ ហើយលោក តោ សឿន បានសុំយោបល់ពីលោក អុល ប៊ុណ្ណា ជាស្នងការរងទទួលបន្ទុកផ្នែករថយន្ត ពន្លត់អគ្គីភ័យ ជាអ្នកអនុញ្ញាតិឲ្យចេញទៅ ដោយគ្មានឆ្លងយោបល់ ឬប្រាប់លោកឲ្យបានដឹងខ្លះនោះទេ ធ្វើបែបនេះវាហួសហេតុពេកហើយ ។ លោកថាគេអស្ចាណាស់ សុទ្ធតែអ្នកធំ អត់ខ្វល់ ធ្វើអ្វីតាមតែអំពើចិត្តគេ ទាល់មានកំហុស គេបន្ទោសតែលោកជាស្នងការមិនចេះមើល ។

លោកស្នងការបានត្អូញត្អែថា រាល់ថ្ងៃលោកពិបាកណាស់ធ្វើការជាមួយអ្នកមិនបានរៀនបែបបទរដ្ឋបាល អត់ចេះនីតិវិធីរដ្ឋបាល ធ្វើអ្វីៗអត្តនោម័តដោយខ្លួនឯងអត់គោរពតួនាទីខ្លួន បើបែបនេះលោកពិបាកធ្វើការណាស់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បណ្តាញសង្គម និងអង្គភាព ព័ត៌មានបានផ្សាយរិះគន់ដល់ការរដ្ឋានសំណង់អ្នកមានលុយប្រហែលជាមានអំណាចផងដែរ បានយករថយន្តពន្លត់ អគ្គីភ័យពីរគ្រឿងរបស់ក្រសួងមហាផ្ទៃទៅបាញ់ទឹកក្រឡុកសុីម៉ង់ត៍ ដើម្បីធ្វើសំណង់ ដែលបញ្ជាក់ពីភាពមហស្ចាមួយនៅក្នុងមូលដ្ឋាន ។ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកស្អាងទាំងមូលរិះគន់យ៉ាងពេញរំពង់មាត់ថា មានអំណាចណាស់គ្រាន់តែទឹកលាយសុីម៉ង់ត៍ក៏ប្រើសុទ្ធតែឡានទឹក ពន្លត់អគ្គីភ័យស្លាកក្រសួងមហាផ្ទៃមកបូមបាញ់លាយ សកម្មភាពបែបនេះពួកគាត់មិនដែលឃើញទេតាំងពីកើតមក ទើបតែឃើញជាលើកទី១ ពួកគាត់មិនដឹងថា ម្ចាស់ផ្ទះមានបុណ្យសក្តិប៉ុណ្ណាទេ បើគាត់ធ្លាប់ឃើញផ្ទះអ្នកមានអំណាចធំៗគេធ្វើក៏គេមិនដែលប្រើថ្នាក់ឡានទឹករដ្ឋទៅបូមទឹកប្រើ ប្រាស់ធ្វើសំណង់ចឹងដែរ ។ ពលរដ្ឋថា សម័យនេះអ្នកមានលុយពិតជាអស្ចាណាស់ គ្រាន់តែលាយសុីម៉ង់ត៍ក៏ប្រើរថយន្តពន្លត់អគ្គី ភ័យរបស់ក្រសួងមហាផ្ទៃដែលផ្តល់សម្រាប់ ទុកជួយសង្គ្រោះពលរដ្ឋជួបគ្រោះអគ្គីភ័យ និងគ្រោះភ័យអាសន្ននានាមកបូមស្រោចលាយដែរ ។ ប៉ុន្តែពេលពលរដ្ឋក្រីក្រជួបគ្រោះអគ្គីភ័យឆេះផ្ទះ ឆេះទីតាំងនានាគេកម្រ ឃើញរថយន្តពន្លត់អគ្គីភ័យទៅជួយទាន់ពេលវេលាណាស់ ហើយក៏កម្រឃើញជួយសង្គ្រោះបានដែរ ភាគច្រើនឆេះហ្មត់ៗតែបានជួយទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះអ្នកជិតខាង ។

ក្រោយពីមានហេតុការណ៍រថយន្តពន្លត់អគ្គីភ័យទំនេរទៅបាញ់ទឹកស្រោចលាយ ធ្វើសំណង់នោះ ក៏មានអគ្គីភ័យមួយបានកើត ឡើងនៅក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋមួយខ្នងនៅសល់តែផេះផង់មិនអាចជួយបាន។

មន្ត្រីនគរបាលខេត្តកណ្តាលសូមមិនបញ្ចេញ ឈ្មោះបានខ្សិបដោយរិះគន់លោក អុល ប៊ុណ្ណា ថា មិនចេះធ្វើការជាមួយបញ្ជាអត់ដឹង ក្បាលដឹងកន្ទុយ បញ្ជាគេហើយឲ្យធ្វើតែមិនទទួលខុសត្រូវ មេរបៀបនេះពួកគាត់មិនចេះធ្វើការជាមួយនោះទេ៕