សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធី «ទិវាជាតិទីក្រុងស្អាត» លើកទី៧


ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ គ.ស២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅ នៅសណ្ឋាសុខាភ្នំពេញ។

ពិធីមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្តទាំង២៥ ប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។ ការប្រារព្ធទិវានេះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេចរណ៍ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់។

ឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាតខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិបន្តខិតខំការងារអាទិភាពចំនួន៦ចំណុចរួម៖

ទី១៖ ខិតខំចាប់យកនូវកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដោយត្រូវរួមគ្នាឆ្ពោះទៅអភិវឌ្ឍទីក្រុងប្រកបដោយភាពវៃឆ្លាត (Smart City) និងទេសចរណ៍ឆ្លាតវៃ (Smart Tourism)។

ទី២៖ រៀបចំឱ្យមានសកម្មជនទីក្រុងស្អាត នៅតាមកន្លែងធ្វើការ ស្ថាប័ន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ផ្សារ រោងចក្រ សហគ្រាស បុរី ជាដើម សំដៅធ្វើឱ្យកន្លែងទាំងនោះ ប្រកបដោយភាពស្អាត និងបៃតង គ្រប់រដូវកាល គ្រប់ពេលវេលា បំផុសឱ្យបានជាប្រចាំយុទ្ធនាការ «កម្ពុជាស្អាតនៅគ្រប់ទីកន្លែង»។ ទន្ទឹមនឹងនេះ បន្តជំរុញលើកទឹកចិត្តយុទ្ធនាការ «ទេសចរម្នាក់ដើមឈើមួយដើម» និង «យុវជនម្នាក់ ដើមឈើមួយដើម» និង «គូស្រករមួយគូដើមឈើពីរដើម» ជាដើម និងស្នើឱ្យគ្រប់ខេត្តត្រូវមានសួនទេសចរណ៍យ៉ាងហោចមួយ។

ទី៣៖ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិអនាម័យបរិស្ថាន ត្រូវយកចិត្តទុកដាក់លើការងារអនាម័យ និងត្រូវរៀបចំឱ្យមានសង្កាត់គំរូនៅតាមទីក្រុង ទីប្រជុំជននីមួយៗ និងជំរុញលើកទឹកចិត្តឱ្យមានការរៀបចំបង្គន់អនាម័យសាធារណៈ ស្របតាមស្តង់ដាឱ្យបាននៅតាមទីសាធារណៈ និងរមណីយដ្ឋានទេសចរណ៍គ្រប់រាជធានី-ខេត្ត។

ទី៤៖ ស្របតាមស្តង់ដាទីក្រុងស្អាត ខ្ញុំស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវខិតខំរៀបចំឱ្យមានសួនកម្សាន្តកុមារ និងទីតាំងសំរាប់លេងកីឡាឱ្យបានគ្រប់គ្រាន់។

ទី៥៖ ស្នើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ត្រូវខិតខំបង្កើតជាវិថីម្ហូបអាហារ (Food Street) និងខិតខំពង្រឹងគុណភាពសេវាកម្មតូបលក់ម្ហូបអាហារតាមដងផ្លូវ (Street Food) ស្របតាមស្តង់ដា នៅតាមទីក្រុង និងទីប្រជុំជននានា ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ និងត្រូវរៀបចំឱ្យមានខ្សែក្រវ៉ាត់បៃតងនៅតាមទីក្រុងទេសចរណ៍សំខាន់ៗ ដើម្បីគាំទ្រដល់យុទ្ធនាការ «ទេសចរណ៍គឺជាការនាំចេញនៅនឹងកន្លែង»។

ទី៦៖ ស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំថែរក្សាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យស្របតាមទស្សនទាន «ទីក្រុងស្អាត៖ ទីក្រុងប្រកបដោយសុខសុវត្ថិភាពល្អ» និង «ទីក្រុងស្អាត៖ ទីក្រុងមានសណ្តាប់ធ្នាប់សាធារណៈល្អ»៕