សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងារក្នុងរយៈពេល៦ខែកន្លងមក នៅព្រឹកនេះ


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជាអ្នកផ្តួចផ្តើមបង្កើតឡើងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ នឹងជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងារក្នុងរយៈពេល៦ខែកន្លងមកនេះ ដើម្បីរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

​សូមជម្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៦ខែកញ្ញាឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​បាន​ឲ្យ​ដឹងថា ​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និងផ្ដល់យោបល់​នៅព្រឹកនេះ មានរបៀប​វារៈមួយចំនួនរួមមាន៖ ១. ​ពាក់ព័ន្ធ​ទៅនឹង​ទស្សនៈវិស័យ​នៃ​ការប្រមូល​ធាតុ​ចូល​ជាក់ស្តែង​នៃ​ការងារ​របស់​ឧត្ដម ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នៅក្នុង​រយ​:​ពេល​១​ឆមាស​កន្លងមក, ទី​២. ​ការផ្តល់​មតិ​និង​សំណូមពរ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា ដែល​អនុវត្ត​៦ ខែ​កន្លងមកហើយ​ជាពិសេស​ទៅលើ​បញ្ហា​ជាក់ស្ដែង​ការវាយតម្លៃ​ទៅលើ​ចំណុច​វិជ្ជមាន ចំណុច​អវិជ្ជមាន ក៏ដូចជា​ការរកឃើញ​នូវ​តំរុយ ភាព​អសកម្ម​អំពើពុករលួយ​ការរំលោភ​អំណាច​ពី​សំណាក់​គណៈប្រតិភូ​គណបក្ស​នីមួយៗ​ដែល​គាត់​នឹង​លើកឡើង​, ​ទី​៣.​បញ្ហា​ជ្សេ​ងៗ ​និង​ទី​៤. ​សម្តេចតេ​ជោ ​ហ៊ុន សែន​ ​បង្ហាញ​អំពី​ទស្សនវិស័យ​នៃ​ប្រសិទ្ធភាព​ការងារ​តទៅ​មុខ​ឆ្លុះបញ្ចាំង​ទៅនឹង​អ្វីដែល​បាន​អនុវត្ត​៦ ខែ​កន្លងមក​និង​ទស្សនវិស័យ​នៃ ប្រសិទ្ធភាព​ការងារ​សម្រាប់​រយៈពេល ៦ ខែ​ឬមួយ​ឆ្នាំ​ទៅមុខទៀត។​ ក្នុងរយៈពេល៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានបើកកិច្ចប្រជុំសរុបប្រមាណ ១៣លើក។ ក្នុងនោះការបើកកិច្ចប្រជុំជាទៀងទាត់របស់ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រៀងរាល់មួយខែម្តងចំនួន៦លើក, ពិនិត្យទៅលើសេចក្តីព្រាងច្បាប់ និងព្រាងគោលនយោបាយជាតិចំនួន ៤លើក និងកោះអញ្ជើញថ្នាក់ដឹកនាំក្រសួងមកឆ្លើយបំភ្លឺលើបញ្ហានានាចំនួន៣លើកបន្ថែមទៀត។ ក្រសួងដែលកោះហៅនោះរួមមានក្រសួងផែនការ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លីនៅតាមបណ្តាខេត្ត។ លោក ឈឹម ផលវរុណ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយបានប្រមូលយកធាតុចូលជាច្រើនជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបញ្ហាដទៃទៀតកើតមាននៅក្នុងសង្គម។

បើតាមលោក ឈឹម ផលវរុណ ក្នុងរយៈពេល៦ខែនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលជាប្រតិភូរបស់គណបក្សនយោបាយទាំង១៦ បានធ្វើបេសកកម្មចុះទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយបញ្ហាជាង ១០០លើក។ លោកលើកឡើងថា ក្នុងបេសកកម្មជាង ១០០លើកនេះ បានចូលរួមដោះស្រាយលើបញ្ហាជាច្រើនជាពិសេសជម្លោះដីធ្លី ហើយបានកសាងរបាយការណ៍ដាក់ជូនសម្តេចតេជោ ហ៊ុន សែន។ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានរកឃើញផងដែរថា ទាំងជម្លោះដីធ្លី បទល្មើសនេសាទ និងបទល្មើសព្រៃឈើជាដើម សុទ្ធតែមានជាប់ពាក់ព័ន្ធជាមួយបុគ្គលជាមន្ត្រីទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។

បើតាមលោក ឈឹម ផលវរុណ កិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅព្រឹកនេះ មានការអញ្ជើញចូលរួមមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ឧបនាយករដ្ឋមន្ត្រី និងមានការផ្សាយបន្តតាមវីដេអូទៅតាមខេត្ត និងទីបញ្ជាការដ្ឋានកងទ័ព៕