ចំណាយអស់ជិត​៥០​លាន​ដុល្លារ​! ដេីម្បីសាងសង់​មន្ទីរពេទ្យ​«​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​»

ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» មាន​តម្លៃ​ជិត​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ។

មន្ទីរពេទ្យ​«​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​» ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ព្រឹក​នេះ គឺជា​គម្រោង​ធំ​ទី​២ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​បន្ទាប់​ពី​គម្រោង​សាងសង់​មន្ទីរពេទ្យ «​មិត្តភាព កម្ពុជា​-​ចិន ព្រះ​កុសុមៈ​» ដែល​ជា​គម្រោង​ទី​១​ទើប​ចាប់ផ្តើម​សាងសង់ កាលពី​ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ ។ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ត្បូងឃ្មុំ​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​២៤,៣០០​ម៉ែត្រការ៉េ លើ​ទំហំ​ផ្ទៃដី​សរុប​៥៥,៨១៥​ម៉ែត្រការ៉េ ។

គម្រោង​នេះ​សាងសង់​ក្នុង​រយៈពេល​៤០​ខែ ។ មន្ទីរពេទ្យ​នេះ​នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៤៥,៦៦០,០០០​ដុល្លារ​អា​មេ​រិ​ក ។ មន្ទីរពេទ្យ​នេះ​នឹង​មាន​សភាព​ធំ​ទូលាយ ហើយ​បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខា​ពេទ្យ​ទំនើប​ៗ​ទៀត​ផង ៕