អុញនោះ បុរសចិត្តខ្លាំងពាក់ ផ្កាយ៣ គ្រាន់តែក្រសួងប្រកាសតាមចាប់ខ្លួន បានប្រញាប់សងជំងឺចិត្៨០០០ដុល្លា ព្រោះខ្លាចអស់តំណែងធ្វើធំ ?

ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំភោជនីយដ្ឋានបឹងមាស យិន ស្រីពៅ ទីបំផុតយុត្តិធម៌ ត្រូវបានផ្តល់ជូនហើយ ខណៈដែលនាងទទួលបានសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន៨ពាន់ដុល្លារ ពីលោកមន្ត្រីទាហានពាក់ផ្កាយ៣ ដែលបានប្រើហិង្សាទះ៣កំផ្លៀង ព្រោះតែនាងឆ្លើយបដិសេធមិនព្រមទៅដេកជាមួយ គ្រាដែលមន្ត្រីទំនើងរូបនេះ ចូលទៅផឹកស៊ីនៅហាងបឹងមាសខាងលើ។

បើយោងតាមការបញ្ជាក់របស់ លោក ហេង ឡុង ដែលត្រូវជាស្វាមីរបស់ប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទល័ក្ខិណា បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩នេះថា តារាចម្រៀងស្រី ដែលរងអំពើហិង្សាដោយការទះកំផ្លៀងពីមន្ត្រីទាហានផ្កាយ៣នោះ ពេលនេះនាងទទួលបានយុត្តិធម៌ហើយ ក្រោយពេលជនបង្កចូលសម្រុះសម្រួលដោយព្រមសងសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន៨ពាន់ដុល្លារ។

លោក ហេង ឡុង បានលើកឡើងថា យុត្តិធម៌ត្រូវតែមានសូមអបអរសាទរតារាចម្រៀង យិន ស្រីពៅ ដែលត្រូវបានទះកំផ្លៀងដោយមន្ត្រីទាហានផ្កាយ៣ មួយរូបកាលពីរាត្រីថ្ងៃទី២៧ ខែកុម្ភៈ នៅភោជនីយដ្ឋានបឹងមាស។ ករណីនេះ ត្រូវបានសម្របសម្រួលសងជំងឺចិត្ត៨ពាន់ដុល្លារ អរគុណសម្រាប់ការចែកចាយជូនមហាជនជ្រាបជាព័ត៌មាន។

សូមរម្លឹកថា កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៧កុម្ភៈ ស្ថិតនៅចំណុចភោជនីយដ្ឋានបឹងមាស តាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈអ្នកចម្រៀងស្រស់ស្អាតប្រចាំនៅហាងខាងលើ ត្រូវបុរសម្នាក់អួតខ្លួនថា ជាមន្ត្រីយោធាពាក់ផ្កាយ៣ ផ្ទុះកំហឹង ទះកំផ្លៀង ព្រោះរឿងមិនព្រមទៅដេកជាមួយខ្លួន។

នារីរងគ្រោះដែលជាអ្នកចម្រៀងរូបនោះមាន ឈ្មោះ យិន ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរអ្នកចម្រៀងប្រចាំភោជនីយដ្ឋានខាងលើ។ ក្រោយពេលកើតហេតុនារីរងគ្រោះបាន មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ខ្លួនជនដៃដល់ដែលអួតខ្លួនថាជាផ្កាយ៣ បង្កហិង្សារូបនេះ។ ប៉ុន្តែនៅទីបំផុត ពេលនេះយុត្តិធម៌ ត្រូវបានផ្តល់ជូនតារាចម្រៀង យិន ស្រីពៅ នូវសំណងទឹកចិត្តចំនួន៨ពាន់ដុល្លារ៕