វីវរហើយបែកធ្លាយ អាជ្ញាធរស្រុកបាទីមិនខ្ចីខ្វល់នឹងការចុះបង្រ្កាបល្បែង​បញ្ជល់មាន់ និង​អាប៉ោង ពីរភូមិជាប់គ្នា ក្នុង ឃុំពុតសរ ស្រុក បាទី ជាថ្នូរនឹងទឹកប្រាក់ ?

ខេត្តតាកែវ ៖ ក្រោមក្រសែភ្នែកដ៏ធូររលង់របស់សមត្ថកិច្ចស្រុក បាទី ធ្វើឲ្យកើតមានបទល្មើសស្ទើរគ្រប់ប្រភេទក្នុងនោះផងដែរ អង្គភាព Thumb Post ទើបតែទទួលបានសេចក្តីរាយការណ៍មកថា មានបទល្មើសល្បែងស៊ីសងប្រភេទល្បែងមាន់ជល់និងអាប៉ោងក្នុងភូមិឃុំរបស់ពួកគាត់ដែលកំពុងតែធ្វើឲ្យពួកគាត់មាន​ក្តី​ព្រួយបារម្ភ ដោយសារ​តែ​ពួក​គាត់​បានឃើញ​គេ​បើក​ល្បែងបញ្ជល់មាន់ និង​អាប៉ោង​ចំនួន​ពីរកន្លែង​កើតមាននៅចំនុចពីរភូមិជាប់គ្នាទី១ ភូមិត្រពាំងត្រាវ ទី២ភូមិ ពុតសរ ក្នងឃុំ ពុតសរ ស្រុក បាទី បាន​បើកដំណើការលេង​ស្ទើរជារៀងរាល់ថ្ងៃ​តែ​ម្តង​។ ពួក​គាត់​លើកឡើងថា ល្បែងពីរកន្លែងនេះអាចបង្ករឲ្យមានការភ័យខ្លាច​កើតមាន​អំពើ​ចោរកម្ម​លួច​ប្លន់​កើតឡើង​ក្នុង​មូលដ្ឋាន ហើយ​ក៏​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រោះតែ​ចាញ់ល្បែង ហើយពួកគាត់ស្នើរសុំឲ្យ​សមត្ថកិច្ច មេត្តា​មាន​វិធានការ​ចុះ​បង្ក្រាប​ផង​ដែរ​ ។

ប្រជាពលរដ្ឋ​រស់នៅឃុំ ពុតសរ ម្នាក់​សូមមិន​បញ្ចេញ​ឈ្មោះ ប្រាប់​ឲ្យ​ Thumb Post ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​ ១៧ មីនា ២០១៩ នេះថា គាត់​បានឃើញ​មានទាំងឡានម៉ូតូ អ្នក​ឃុំ ពុតសរ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​មក​ពី​ស្រុក​ឆ្ងាយ​ៗ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ ឡាន ដោយ​មាន​ទាំង​បាវ​ច្រក​មាន់​ដាក់​ក្នុង​កន្ត្រក​ថែម​ទៀត បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​តាម​ផ្ទះ​អ្នក​ភូមិ រួច​បាន​នាំ​គ្នា​ដើរ​តម្រង់​មក​រក​សង្វៀន​បញ្ជល់មាន់ នៅ​ចំណុចពីរភូមិខាងលើដែល​កំពុង​តែ​បើកលេងមាន​ចម្ងាយ​មិនឆ្ញាយប៉ុន្មានពីសាលាឃុំ ពុតសរ ឡើយ ។

ប្រជាពលរដ្ឋ​នៅ​ឃុំ ពុតសរ ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​លេងល្បែង​បញ្ជល់មាន់​នេះ បាន​កើត​ឡើងជា​ច្រើន​ថ្ងៃ​ខែមក​ហើយ កន្លងមកធ្លាប់បានផ្អាក តែមួយរយះចុងក្រោយនេះគេឃើញបើកឡើងវិញហើយ ព្រមទាំង​បាន​បើកលេង​ស្ទើរជារៀងរាល់ថ្ងៃ​ទៀត​ផង​។ គឺ​មាន​មនុស្ស​មក​លេង​កាន់តែ​ច្រើន
ឡើង​ៗ ជាមួយ​នោះ​អ្នក​ស្រុក បាទី ក៏​បាន​លង់ខ្លួន​វេច​លុយ​យក​ទៅ​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង​ ធម្មតា ល្បែង​លេង​តែងតែ​ឈ្នះ និង​ចាញ់ហើយ តែ​ភាគច្រើន​ចាញ់​តែ​ម្តង​កម្រ​នឹង​ឈ្នះ​ណាស់​។ មាន​អ្នកខ្លះ​បាន​ទៅ​ស៊ី​ឈ្មួ​ល​គេបាន​លុយ​១០​ម៉ឺន​រៀល មិន​បាន​យក​មក​ឲ្យ​ប្រពន្ធ​នោះ​ទេ គឺ​បែរជា​យក​ទៅ​លេងល្បែង​ទៅ​វិញ ទាំងនេះ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​ជីវភាព​គ្រួសារ​កាន់តែ​ជួបនឹង​បញ្ហា​ដុនដាប​ទៅ​ៗ បន្ទាប់​មក
នឹង​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ត្រូវ​កើត​មាន​ឡើង​។ខ្លះ​ទៀត​ចាញ់ល្បែង​អស់​លុយ​ច្រើន និង​បែកគំនិត​ចេញ​ធ្វើ​សកម្មភាព​លួច​ទ្រព្យ​អ្នក​ភូមិ​ថែម​ទៀត ដើម្បី​យក​មក​លេងល្បែង​នោះ ។

ប្រភពបានបញ្ជាក់ទៀតថា សង្វៀនញ្ជល់មាន់និងអាប៉ោងទាំងពីរកន្លែងនេះបាន​បើក​លេង​បញ្ជល់មាន់ និង​អាប៉ោង​ដែល​មើលទៅ​របៀប​កាស៊ីណូ លេង​ដាក់​លុយ​ធំ​ៗ​ណាស់ តាម​ច្បាប់​គេ​មិន​អនុញ្ញាត​ឲ្យ​លេង​នោះ​ទេ​។ តែ​អ្នក​ទាំងនោះ​សុទ្ធសឹងតែ​មាន​ខ្សែ ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ម៉ូតូ​ផ្ញើ​ជា​ច្រើន​គ្រឿង​ឡើង​ណែន​ៗ មិនយូរ​ទេ​នឹង​ចាត់ការ​ក្រុម​អ្នក​បើក​ល្បែង​ទាំងនោះ​ហើយ​។ សូម​បញ្ជាក់​ថា ទីតាំង​ដែល​បើក​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង​នៅចំណុចភូមិត្រពាំងត្រាវ និង​ ភូមិ ពុតសរ ឃុំ ពុតសរ កំពុង​តែ​សប្បាយ​នឹង​ល្បែងស៊ីសង​ហាក់បីដូចជា​មិន​ខ្លាចញញើត ចំពោះ​សមត្ថកិច្ច​ទាល់តែ​សោះ​ ។
ពាក់ព័ន្ធនិងសេចក្តីរាយការណ៍ខាងលើអង្គភាព Thumb Post មិនអាចសុំប្រតិកម្មពីលោក ង៉ាន់ សារី អធិការស្រុកបាទី បានទេ ចំណែកលោក ភួន ឈីម អភិបាលស្រុកបាទី ក៏មិនអាចសុំប្រតិកម្មបានដែរគិតត្រឹមថ្ងៃនេះ ។​ អង្គភាព​ Thumb Post ស្វាគមន៍ការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការតាមរយះទូរស័ព្ទ ០១៧ ៧៦៧ ៧៩៨ ៕