អុញនោះបែកធ្លាយលោកផ្កាយបីយោធា​ម្នាក់ បន្ត​​ចាក់​ដីលុប​សមុទ្រ​នៅផែអ៊ូ​ទូក​ចាស់​ស្រុកស្ទឹងហាវ រហូតដល់ពេលនេះគ្មានអ្នកណាអើពើទប់ស្កាត់ ?

ព្រះសីហនុ ៖ ថ្មីៗនេះប្រពលរដ្ឋរស់នៅ ស្រុកស្ទឹងហាវ បាន​ប្រាប់ឲ្យអង្គភាព Thumb Post ដឹងថា អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹង​កំពុងឃុបឃិតជាមួយឈ្មួញដែលមានទឹកប្រាក់វាល់លានដុល្លារ និងមានអំណាចក្នុងជួរកងកម្លាំងប្រដាប់អាវុធ​ផងនោះ ធ្វើសកម្មភាពចាក់ដីលុបសមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) ដើម្បីសាងសង់សណ្ឋាគារមាត់​​សមុទ្រ ឬយកដីនៅលើទីតាំងនេះ សម្រាប់លក់បន្តឱ្យឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។

ប្រជាពលរដ្ឋបន្តថាការចាក់ដីលុបសមុទ្រដើម្បីពង្រីកទំហំដីនេះ គឺបានធ្វើសកម្មភាពប្រហែល៣ខែ​ហើយ គិតតាំងពីចុងឆ្នាំ២០១៨ រហូតដល់ ខែមីនា ឆ្នាំ២០១៩ នេះ ប៉ុន្តែរហូតមកពេលនេះសកម្មភាពចាក់ពង្រីកផ្ទៃដីនៅមិនទ៍ាន់បញ្ចប់នៅឡើយទេ មិនដឹងថាពង្រីកប៉ុន្មានរយហិចតាទើបបញ្ចប់នោះឡើយ ។

ប្រជាពលរដ្ឋនៅតំបន់នោះបញ្ជាក់បន្ថែមថា តាមការអង្កេតរបស់ពួកគាត់ ចាប់តាំងពីសម្ទុះនៃការជួញដូរដីធ្លី-អចលនទ្រព្យ មានការកក្រើកខ្លាំងនៅខេត្តព្រះសីហនុ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមន្ត្រី​យោធាផ្កាយបី ម្នាក់ឈ្មោះ យុទ្ធ បានឃុបឃិតជាមួយមន្ត្រីអាជ្ញាធរតាមលំដាប់ តាមជំនាញ ចាក់ដីលុបសមុទ្រ​ដើម្បីពង្រីកផ្ទៃរបស់ខ្លួន ប្រយោជន៍ផ្ទាល់ខ្លួន ដោយប្រើលេសថា អភិវឌ្ឍន៍អ៊ូទូកចាស់​ឡើងវិញ ឬថា ពង្រីកអ៊ូទូកចាស់ ឱ្យវាធំជាងមុនដើម្បីឱ្យទូក (ទូកម៉ាស៊ីធំៗ) ចូលមកជួសជុលបានច្រើនគ្រឿង? ។

ពួកគាត់លួចខ្សឹបបង្ហើបប្រាប់ភ្នាក់ងារ Thumb Post ថា មានលោកផ្កាយបី ម្នាក់ឈ្មោះ យុទ្ធ ប្រើលេស​អភិវឌ្ឍន៍​អ៊ូទូកចាស់ តែធាតុពិតជាល្បិចឆ្ពិនភ្នែក គឺគេចាក់ដីលុបសមុទ្រទាំងបំពាន ដើម្បីឱ្យបានផ្ទៃដីធំ ងាយស្រួលលក់ឱ្យឈ្មួញ ឬសាងសង់អ្វីផ្សេងជាប្រយោជន៍បុគ្គល និងបក្ខពួក តែប៉ុណ្ណោះ ? ។

រហូតមកដល់ពេលនេះតាមសេចក្តីរាយការណ៍បានប្រាប់ភ្នាក់ងារ Thumb Post ថា ការចាក់ដីលុបសមុទ្រពង្រីកផ្ទៃដីរហូតដល់ទៅប្រហែល២ហិកតាទៅហើយ … អាហ្នឹងហើយ គេហៅថា ល្បែងឆ្ពិនភ្នែកស៊ីពីលើរដ្ឋ ! តើការចាក់ដីលុបសមុទ្រដើម្បីពង្រីកផ្ទៃរបស់ខ្លួននេះ មិនមែនជាការរំលោភពំពានច្បាប់ទេឬយ៉ាងណា ?

សូមរំលឺកថា ទឹក ដី ខ្យល់ ភ្នំ ស្ទឹង បឹងបួ ទន្លេ សមុទ្រ ព្រៃឈើ … ជារបស់រដ្ឋ , គ្រប់គ្រងដោយរដ្ឋ ! តាមផ្លូវច្បាប់ ការចាក់ដីលុបសមុទ្របែបនេះ វាមិនអាចធ្វើឡើងត្រឹមសុំការអនុញ្ញតពីអាជ្ញាធរ ថ្នាក់ខេត្ត នោះទេ វាទាល់តែប្រមុខរាជរដ្ឋាភិបាល ទើបមានសិទ្ធិសម្រេចអនុញាត្តិបាន ! យ៉ាងហោចណាស់ ក៏មានការអនុញ្ញាតត្រឹម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ … បើធំដុំជាងនេះ គឺមានតែនាយករដ្ឋមន្ត្រីចេញ អនុក្រឹត្យ និងបញ្ជាក់ពីផលប្រយោជន៍រួម ដោយមានហេតុផលសមស្រប ទើបអាចចាក់ដីលុបសមុទ្រដូចខាងលើនេះបាន។

សូមបញ្ជាក់ថា ទីតាំងដែលគេកំពុងតែចាក់ដីលុបសមុទ្រនៅផែអ៊ូទូកចាស់នេះ ស្ថិតក្នុងភូមិ៤ ឃុំទំនប់រលកថ្មី ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (គេហៅថា អ៊ូទូកផែដីដុះ ដែលមានប្រជាជនជាច្រើនបានកើតទុក្ខមិនសុខចិត្ត ពីការចាក់ដីលុបសមុទ្រនេះ ដែលបណ្តាលអោយផ្ទះពួកគាត់ទ្រេត និង អាចរលំចូលសមុទ្រនៅពេលខាងមុខជាក់ជាមិនខាន ។

ពាក់ព័ន្ធការរិះគន់ខាងលើនេះអង្គភាព Thumb Post មិនអាចសុំប្រតិកម្មណាមួយពីលោកផ្កាយបីឈ្មោះ​ យុទ្ធ បានទេគិតត្រឹមថ្ងៃនេះ​។

អង្គភាព Thumb Post ស្វាគមន៍ការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការតាមរយះទូរស័ព្ទលេខ ៖ 017 767 798 ៕