បែកធ្លាយថាមន្ត្រីការិយាល័យច្រកចេញចូលតែមួយ​ នៅក្នុងសាលាស្រុកខ្សាច់កណ្ដាល​បានទារលុយពីប្រជាពលរដ្ឋ​ លេីសសៀវភៅបន្ទុក ?

កណ្តាល ៖ ថ្មីទៀតហើយអង្គភាព Thumb Post ទើបទទួលបានសេចក្តីរាយការណ៍មកថាមិនមែនជាលើកទីមួយនោះទេ ពលរដ្ឋក្រីក្រ ថៅកែ​ ឬឈ្មួញគួកជេរដី គឺបានលាន់មាត់ស្ទើគ្រប់ៗគ្នា រឿងការិយាល័យច្រកចេញចូលតែមួយ ចំណុះឲ្យសាលាស្រុកខ្សាច់កណ្ដាល​ ដែលកំណត់យកលុយពីអ្នកទៅទទួលសេវា ច្រើនទ្វេដង លើសសៀវភៅបន្ទុក មួយគុណជាបី ដោយមូលហេតុថា​ យកទុកសម្រាប់ជូនមេ។​ បើអ្នកឲ្យលុយតិច ផ្អឹបរឿងសិន ផ្អឹបឯកសារ ទុកពិនិត្យរយៈពេលយូរ រួចថា ខ្វះនេះខ្វះនោះ ចាប់ពី១ខែ​ ដល់បីខែ ទម្រាំដល់តុចៅហ្វាយស្រុក និងមន្ត្រីជំនាញក៏មាន។

ពលរដ្ឋនៅ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់អោយដឹងថា​ ខ្ញុំហួសចិត្តជាខ្លាំង! ចំពោះមន្ត្រី​ (ច្រកចេញចូលតែមួយ) នៅសាលាស្រុកខ្សាច់កណ្ដាល ដែលប្រើគ្រប់វិធីសម្រាប់គាបយកលុយ​ ដូចជា​ ផ្អឹបឯកសារទុក រយៈពេលយូរ ចាប់ពី១ខែ ដល់បីខែ ទម្រាំដល់តុចៅហ្វាយស្រុក ឬមន្ត្រីជំនាញ។​ បើពលរដ្ឋបង់ថ្លៃសេវា រួចហើយក៏ត្រូវបានមន្ត្រីទារលុយបន្ថែមច្រើនលើសលប់ មុននឹងប្រគល់ឯកសារជូនពលរដ្ឋវិញ។

ជាហេតុនាំឲ្យពួកគាត់ ជួបការលំបាកខ្លាំង​ ខណៈពលរដ្ឋលក់ដីចង់បានលុយភ្លាមៗ ពេលទៅទឿនជូនលុយបន្ថែម។​ អ្នកខ្លះបានផុតកុងត្រាជាមួយជាមួយឈ្មួញទិញដី​ ព្រោះតែឯកសារយូរ។​ សូម្បីតែឯកសារ ដែលបានបង់ពន្ធរួច នៅខេត្តក៏ដោយ ពេលយកចូលសាលាស្រុកខ្សាច់កណ្ដាល គឺមន្ត្រីទាំងនោះ​ ពិនិត្យវែងឆ្ងាយ របៀបពន្យាពេល លើសមន្ត្រីជំនាញទៅទៀត​ ។

ពលរដ្ឋម្នាក់ទៀតបានបញ្ជាក់ថា នៅច្រកចេញចូលតែមួយ សាលាស្រុកខ្សាច់កណ្ដាល មិនត្រឹមតែផ្អឹបឯកសារទុកយូទេ​ ពិសេសជាងនោះទៅទៀត​ គឺទារលុយស្រស់ៗតែម្ដង ថាទុកជូនមេ​ និងរបបមេ។ ជាក់ស្ដែង​ដី ទំហំ​ ១០អា សេវាបង់ចូលរដ្ឋពេលដាក់ឯកសារ ៤០,០០០រៀល​ លុះពេលឯកសាររួចរាល់ មន្ត្រីនៅច្រកចេញចូលតែមួយ កំណត់យក​ ១០ម៉ឺនរៀលទៀត ថាទុកជូនមេ។​ ជាមួយគ្នានោះ ប្រសិនជាដីលំនៅដ្ឋានដែលតម្លៃសេវារដ្ឋ ១០ម៉ឺនរៀលវិញ គឺមន្ត្រីទារ​ ២០ម៉ឺនរៀល បន្ថែមទៀត​ សរុប​ ៣០ម៉ឺនរៀល ឯណោះ និយាយរួម​ ដីតូចទារតិច ដីច្រើនទារច្រើន។​ បើយើងឲ្យលុយមិនគ្រប់តាមកំណត់ទេ មន្ត្រីមិនព្រមឲ្យឯកសារឡើយ ហើយក៏ចំណាំមុខទៀតផង ។

ដោយឡែកពលរដ្ឋដែលធ្លាប់ទៅ​ រអ៊ូរទាំ​ នៅច្រកចេញចូលតែមួយ ថា ឯកសារខ្ញុំយូរម៉្លេះ រាប់ខែហើយ​ មិនទាន់បាន ស្រាប់តែមន្ត្រីនៅទីនោះ ប្រើសម្ដីគំរោះគំរើយ មកលើពលរដ្ឋវិញ​ គ្នាឡើងរួញខ្លួន។​ ប្រភពដដែលបន្តថា រឿងលុយកំណត់ទារបន្ថែមនោះ គឺពួកគាត់ព្រមឲ្យរហូត​ និងមិនប្រកែកទេ សំខាន់ឲ្យតែសេវាលឿន។ ប៉ុន្តែផ្ទុយទៅវិញ លុយក៏យកច្រើន រីឯសេវា រឹតតែយឺតយ៉ាវ ធ្វើឲ្យពលរដ្ឋខឹងសម្បារជាខ្លាំង ហើយប្រុងលើកគ្នាមកតវ៉ា នៅសាលាស្រុកទៀតផង។​

ឆ្លើយតបនឹងការលើកឡើងខាងលើ​នេះ លោកស្រី ហេង ចិន្តា ប្រធានការិយាល័យច្រកចេញចូលតែមួយ ស្រុកខ្សាច់កណ្តាល បានបដិសេធសុំមិនអត្ថាធិបាយទើយដោយអ្នកស្រីឆ្លើយយ៉ាងខ្លីថា សួរទៅមេខ្ញុំផ្ទាល់ទៅ​ គឺលោកអភិបាលស្រុក លោក ប៊ុន ផេង ។ បើទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋទូទាំងស្រុកខ្សាច់កណ្ដាលទទូចស្នើរសូមលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាលមេត្តាពិនិត្យស៊ើបអង្កេត និងចាត់វិធានការ កែទម្លាប់ដ៏អាក្រក់មួយនេះចេញ​ ដើម្បីអនុវត្តឲ្យបាននូវគោលនយោបាយរបស់រដ្ឋាភិបាល មន្ត្រីជាអ្នកបម្រើរាស្ត្រ​ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រនោះទេ ។

ពាក់ព័ន្ធករណីខាងលើនេះ​ ភ្នាក់ងារសារព័ត៌មាន ThumbPost យេីង មិនអាចសុំប្រតិកម្មពី​សំណាក់លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងអាជ្ញាធរពាក់ព័ន្ធបាននៅឡើយទេគិតត្រឹមថ្ងៃនេះ។ អង្គភាព Thumb Post រង់ចាំការបកស្រាយបំភ្លឺរឿងរាល់ម៉ោងធ្វើការ​តាមរយះទូរស័ព្ទ 017 767 798 ៕