លោក ផែង វណ្ណៈ ត្រូវបានតុលាការ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារព្រៃស ហើយ!


ភ្នំពេញ៖ លោក ផែង វណ្ណៈ ត្រូវបាន អនុប្រធានសាលាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរលោក កី ម៉ានេរ៉ា បានសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនទៅឃុំនៅពន្ធនាគារព្រៃស វេលាម៉ោងប្រមាណ១២៖៤០នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ដោយសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ»។

ពាក់ពន្ធ័ករណីបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ ចំណែកបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កំណត់ពិន័យជាប្រាក់ពី ១សែនរៀលទៅ១០លានរៀល។

សូមរំលឹកថា បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសធ្វើការសួរដេញដោលចប់សព្វគ្រប់ហើយនោះ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៩ នេះបានបញ្ជូនខ្លួនលោក ផែង វណ្ណៈ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនាំពាក់ព័ន្ធ ករណី ញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ និង បរិហារកេរ្តិ៍ ជាសាធារណៈ។

សូមជម្រាមថា នៅព្រឹកថ្ងៃទី២ ខែ មេសា ឆ្នាំ ២០១៩ សមត្ថកិច្ចបានចាប់ខ្លួនលោក ផែង វណ្ណៈ ដោយបញ្ជូនទៅបញ្ជាការដ្ឋានកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ដេីម្បីសាកសួរ ។ ការចាប់ខ្លួន លោក ផែង វណ្ណៈ គឺ អនុវត្តតាមដីកាបញ្ជាឱ្យ ចូលខ្លួនរបស់លោក អ៊ុ សុភក្តិ ព្រះរាជ អាជ្ញារង អមសាលាដំបូង រាជធានី ភ្នំពេញ និង យោងតាម ពាក្យបណ្តឹងរបស់លោក គី តិច មេធាវី តំណាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា៕