មានលុយទិញឡាន ទិញចំឡានស៊យ ៖ រថយន្តឡុចស៊ីស ត្រូវបានម្ចាស់ដើមប្រទះឃើញបុរសម្នាក់ទៀត ជាម្ចាស់ថ្មី កំពុងតែបើកបររួចក៏ស្ទាក់ចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចដើម្បីសាកសួរ

រាជធានីភ្នំពេញ៖ រថយន្តឡុចស៊ីស ត្រូវបានម្ចាស់ដើមប្រទះឃើញបុរសម្នាក់ទៀត ជាម្ចាស់ថ្មី កំពុងតែបើកបររួចក៏ស្ទាក់ចាប់ប្រគល់ទៅឲ្យសមត្ថកិច្ច បន្ទាប់ពីម្ចាស់ដើមបានប្រគល់រថយន្តទៅឲ្យបុរសអតីតម្ចាស់ឃ្លាំងយីហោណុប ធានី រហូតបាត់ដំណឹងសូន្យអស់រយៈពេលជាច្រើនថ្ងៃ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ត្រង់ចំណុចខាងជើងស្តុបផ្សារដីហុយប្រមាណ២០០ម៉ែត្រ តាមបណ្ដោយផ្លូវហាណូយ ខណ្ឌសែនសុខ ។
រថយន្តខាងលើម៉ាក ឡុចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT5457 ។ រីឯជនរងគ្រោះទី១ជាម្ចាស់ដើមមានឈ្មោះ សុខ សារិត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅផ្ទះ២ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ចំណែកឈ្មោះ ណុប ធានី ភេទប្រុស អាយុ៣៦ឆ្នាំ ជាអតីតម្ចាស់ឃ្លាំងលក់រថយន្តយីហោ ណុប ធានី ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។


បើតាមសម្តីពីជនរងគ្រោះជាម្ចាស់ដើមរថយន្តបានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីខែមីនា ឆ្នាំ២០១៨ គាត់បានទិញរថយន្តខាងលើពីឃ្លាំងយីហោ ណុប ធានី ដែលជារបស់ជនឆបោកនោះក្នុងតម្លៃ១៧៦០០ដុល្លារ ។ ពេលនោះដោយជនឆបោកជាម្ចាស់ឃ្លាំងបានប្រាប់មកគាត់ថាបើកពេលណាដែល ចង់លក់រថយន្តវិញ អាចទាក់ទងមករូបគេវិញបាន ហើយជនរងគ្រោះក៏បានយករថយន្តនោះ ទៅធ្វើស្លាកលេខ បើកបរបម្រើកិច្ចការងារជាធម្មតា ។ រហូតអស់រយៈពេលប្រហែលមួយឆ្នាំ គាត់ក៏ចង់លក់រថយន្តខាងលើប៉ុន្តែ មិនដឹងយកទៅលក់នៅឯណាដាច់ រួចគាត់ក៏ទាក់ទងទៅជនឆបោកខាងលើ ដើម្បីឲ្យជួយលក់រថយន្តឲ្យ ។


លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ជនឆបោកខាងលើក៏បានទូរស័ព្ទមករូបគាត់ឲ្យយករថយន្តរបស់គាត់ទៅលាងសំអាតឲ្យស្អាត់ រួចមកជនឆបោកនោះក៏ប្រើឲ្យបុរសម្នាក់ទៀតជាបក្សពួកឈ្មោះ កុយ ខាង មកយករថយន្តខាងលើពីរូបគាត់ ដោយប្រាប់ថាយកទៅប៉ូលាទើបលក់បានថ្លៃ រួចគាត់ក៏ព្រមប្រគល់រថយន្តខាងលើឲ្យ ។
រហូតដល់ថ្ងៃទី២៣ ខែមីនាកន្លងផុតទៅ ជនឆបោកខាងលើក៏បានទូរស័ព្ទមករកគាត់ដោយប្រើបុរសឈ្មោះ កុយ ខាង ឲ្យមកយកកាតគ្រីរថយន្ត និងអន្តសញ្ញាណប័ណ្ឌហ្វូតូរបស់គាត់ ថែមទាំងប្រាប់ថាលុយលក់រថយន្តចំនួន១៨៤៥០ដុល្លារូបរគេ និងយកទៅប្រគល់ឲ្យនៅរយះប្រហែល៤ទៅ៥ថ្ងៃទៀត ។ លុះដល់ថ្ងៃកំណត់ដែលជនឆបោកខាងលើបានសន្យាថា និងយកលុយមកឲ្យ ប៉ុន្តែបែរជាមិនឃើញ ពេលនោះគាត់ក៏ទូរស័ព្ទទៅលេខរបស់ជនឆបោកខាងលើជាច្រើនដងតែមិនអាចទាក់ទងបាន ។


បន្ទាប់មកគាត់ក៏ប្រញាប់ទៅផ្ទះរបស់ជនឆបោកខាងលើ ប៉ុន្តែបានជួបតែប្រពន្ធរបស់ជនឆបោក ហើយពេលដែលគាត់សួរ ស្រាប់តែស្ត្រីជាប្រពន្ធនោះបានឆ្លើយមកវិញថា ពួកគេទាំងពីរបានលែងលះគ្នាហើយ ទើបគាត់សម្រេចចិត្តទៅប្តឹងសមត្ថកិច្ចមូលភ្នំពេញពេលថ្មីតែម្ដងទៅ ។ លុះរហូតដល់ថ្ងៃកើតហេតុ ក៏មានប្អូនប្រុសរបស់គាត់មនាក់បានប្រទះ ឃើញរថយន្តខាងលើរបស់គាត់ ដែលមានបុរសម្នាក់ផ្សេងទៀតកំពុងបើកបរតាមបណ្ដោយហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ត្រង់ចំណុចកើតហេតុខាងលើ ។ ខណៈពេលដែលប្អូនប្រុសរបស់គាត់កំពុងឈរលក់សាច់អាំងនៅក្បែរនោះ ភ្លាមៗនោះប្អូនប្រុសរបស់គាត់ក៏បានស្ទុះទៅធ្វើស្ទាក់ឃាត់រថយន្តខាងលើតែម្តង ។


បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានរៀបរាប់ប្រាប់ឲ្យដឹងថា ជនឆបោកខាងលើបានយករថយន្តពីជនរងគ្រោះ រួចបានលក់រថយន្តនោះទៅឲ្យបុរសម្នាក់ឈ្មោះ ផាត សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកទិញលក់រថយន្ត និងធ្លាប់ស្គាល់រកស៊ីទិញ លក់ រថយន្តជាមួយនឹងជនឆបោកខាងលើប៉ុន្តែមិនបានបញ្ជាក់ថា លក់ក្នុងតម្លៃប៉ុន្មាននោះទេ ហើយជនឆបោកក៏បានគេចខ្លួនបាត់ស្រមោល ។


បន្ទាប់មកបុរសឈ្មោះ ផាត សារ៉ាត់ ក៏បាន លក់រថយន្តខាងលើបន្តទៅឲ្យបុរសម្នាក់ទៀតឈ្មោះ ឈាន សុផាត អាយុ៣៩ឆ្នាំ ជាបុគ្គលិករោងចក្រកាត់ដេរ ដោយមានភ្ជាប់ជាមួយឯកសារកាតគ្រីរបស់រថយន្តត្រឹមត្រូវ ក្នុងតម្លៃ១៨៤៥០ដុល្លារ ហើយពេលដែលបុរសចុងក្រោយដែលទិញរថយន្តខាងលើជិះទើបតែបាន៥ថ្ងៃ ក៏ត្រូវបានជនរងគ្រោះជាម្ចាស់ដើមប្រទះឃើញរួចក៏ស្ទាក់ចាប់ឃាត់ តែម្ដងទៅ ។


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បាននាំរថយន្តខាងលើរួមទាំងម្ចាស់ដើមនិងម្ចាស់ថ្មី និងសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីដោះស្រាយគ្នាជាបន្តទៀត​ ៕