នគរបាលស្រុកស្អាង៣រូបត្រូវដកមកបញ្ឈជើងនៅការិយាល័យបុគ្គលិកខេត្ត ក្រោយផ្ទុះរឿងល្បែងជល់មាន់នៅឃុំព្រែកអំបិល

ខេត្តកណ្តាល ៖ នគរបាលស្រុកស្អាង៣រូប ថ្នាក់អធិការ អធិការង និងនាយប៉ុស្តិ៍ឃុំព្រែក អំបិលម្នាក់ត្រូវបានថ្នាក់លើដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាន ខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ និងពិចារណា ។ ដោយសារនគរបាលទាំង៣រូបនេះមិនគោរពតាមការណែនាំរបស់ថ្នាក់លើ បណ្តោយឲ្យកើតមានល្បែងជល់មាន់នៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានតែងតាំងអធិការស្តីទីដើម្បីដឹកនាំមន្ត្រីនគរបាលជំនួសផងដែរ។ ការដកតួនាទីអ្នកទាំង៣រូបនោះ ក្រោយពេលកម្លាំងនៃស្នងការរដ្ឋាន ឆ្មក់ចូលបង្ក្រាបទីតាំងជល់មាន់មួយកន្លែងស្ថិតនៅក្នុងព្រៃចុងព្រែកឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ២០១៩ ។ ដោយសារនគរបាលទាំងនោះមិនគោរពតាមការណែនាំរបស់ថ្នាក់លើ មិនខិតខំលុបបំបាត់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។

ការអនុវត្តន៍តាមច្បាប់របស់កងកម្លាំងទៅលើ មន្ត្រីដែលមិនគោរពច្បាប់បែបនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅខេត្តកណ្តាលទាំងមូលអបអរសារទរនិងចំណាត់របស់ថ្នាក់ដឹកនាំដែលមិនគិតថាជាកងកម្លាំងឬប្រជាពលរដ្ឋនោះទេ បើធ្វើខុសត្រូវតែទទួលខុសត្រូវដូចគ្នា ។

បើយោងតាមលិខិតលេខ ០១៣ ល ប ក របស់ក្រសួងមហាផ្ទៃបានបង្គាប់ឲ្យប្រគល់ភារកិច្ចបណ្តោះអាសន្តជូននាយនគរបាលជាតិនៃអធិការដ្ឋានស្រុកស្អាង ។ មន្ត្រីនគរបាលដែលត្រូវបានដកតួនាទីនោះទី១ លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ត្រូវបានដកមកបញ្ឈជើងនៅការិយាល័យបុគ្គលិកខេត្ត។ ទី២ លោក ស៊ុប លាងសែ អធិការរងស្រុកស្អាងត្រូវបានដកមកបញ្ឈជើងនៅការិយាល័យបុគ្គលិកខេត្ត និងទី៣ លោក ជៃ សំអាត នាយប៉ុស្តិ៍នគរបាលឃុំព្រែកអំបិល ត្រូវដកមកបញ្ឈជើងនៅការិយាល័យបុគ្គលិកដូចគ្នាផងដែរ។ និងបានតែងតាំងលោក វាត សុផាត អធិការរងទទួលផែនចរាចរស្រុកស្អាងទៅអធិការស្តីទី និងបានតែងតាំងលោក នាង ផានិត ជានាយរងប៉ុស្តិ៍ឃុំព្រែកអំបិលទៅជានាយប៉ុស្តិ៍ស្តីទីឃុំព្រែកអំបិលផងដែរ។

ប្រជាពលរដ្ឋនៅស្រុកស្អាងនិងនៅតាមបណ្តាលស្រុកផ្សេងទៀតក្នុងខេត្តកណ្តាលបាននិយាយនៅតាមតុកាហ្វេដោយងឿងឆ្ងល់សួរគ្នាទៅវិញទៅមកថាកន្លងមកឃើញកម្លាំងនៃស្នងការរដ្ឋានបើកប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់នេះ ទ្រង់ទ្រាយធំនៅស្រុកល្វាឯម ឃុំអរីក្សត្រ។ ឃាត់មនុស្សបាន៦៤នាក់ និងម៉ូតូរាប់រយគ្រឿង រថយន្តជាច្រើនគ្រឿងផងដែរ ប៉ុន្តែ មិនដឹងថា អធិការ អធិការរងស្រុក និង នាយប៉ុស្តិ៍ឃុំអរីក្សត្រនោះត្រូវដកមកបញ្ឈជើង ដើម្បីអនុវត្តន៍ច្បាប់ដែរឬទេ និងនៅតាមបណ្តាល ស្រុកផ្សេងទៀតក៏ឃើញបង្ក្រាបជាបន្តបន្ទាប់ទៀតផងដែរ មិនដឹងថា មន្ត្រីទាំងនោះត្រូវបានថ្នាក់លើហៅទៅអនុវត្តន៍ច្បាប់ដែរឬទេ។

បញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ កម្លាំងនៃស្នងការដ្ឋានខេត្តកណ្តាលបានឆ្មក់ ចូលបង្ក្រាបទីតាំងជល់មានមួយកន្លែងនៅក្នុងឃុំព្រែកអំបិលឃាត់ខ្លួនជនសង្ស័យបាន៤នាក់ នាំយកទៅសាកសួរទី១ ឈ្មោះ ឈុន ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ, ទី២៖ ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៣៖ឈ្មោះ ខេង មករា ភេទប្រុស អាយុ២៥ឆ្នាំ និងទី៤៖ឈ្មោះ គៀង ហៀង ភេទប្រុស អាយុ ៣១ឆ្នាំ។ ដោយឡែក ម្ចាស់សង្វៀនជល់មាន់ ឈ្មោះ អ៊ន ភេទប្រុស អាយុ៥៥ឆ្នាំ ភូមិចុងកោះ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន)។

ប្រជាពលរដ្ឋបានលើកឡើងជាមតិទៀតថា នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិរយះពេល៣ថ្ងៃ ប្រជាពលរដ្ឋក៏បានឆ្មក់លួចលេងល្បែងជល់មាន់កំសាន្តទៅតាមចំណូលចិត្តពួកគេ ដោយគិតថាជាថ្ងៃចូលឆ្នាំ ទើបក្រុមញៀនល្បែងជល់មាន់ទាំងនេះហ៊ានលួចលេង បែបនេះ ប៉ុន្តែពួកគេគិតខុសហើយ អ្វីដែលខុសច្បាប់ ទោះពេលណាក៏ដោយច្បាប់ត្រូវតែអនុវត្តន៍ ហើយច្បាប់មិនបណ្តោយ ឲ្យកើតមានឡើយនោះឡើយ។ ប្រជាពលរដ្ឋបានបន្តជាចំងល់ទៀតថា ល្បែងជល់មាន់នៅស្រុកស្អាងលេងថ្ងៃបុណ្យចូលឆ្នាំទី១ ត្រូវនិងថ្ងៃទី១៤ខែមេសា ឆ្នាំ២០១៩ អ្នកអនុវត្តន៍ច្បាប់នៅមូលដ្ឋានមិនអនុវត្តន៍បណ្តោយឲ្យកើតមានល្បែងបែបនេះ ត្រូវ ថ្នាក់លើហៅទៅបញ្ឈជើងឬក៏ដាក់ពិន័យកងកម្លាំង ។ ចុះកន្លងមកករណីបង្ក្រាបជល់មាន់នៅឃុំអរីក្សត្រ ស្រុកល្វាឯម មានទីតាំងរ៉ឹងមាំដកហូតបានវត្ថុតាងជាច្រើន និងបើកលេងប្រចាំថ្ងៃរាប់ខែ ហេតុអ្វីបានជាមិនលឺថ្នាក់លើ កោះហៅអធិការ អធិការង និងនាយប៉ុស្តិ៍ ទៅអនុវត្តន៍វិន័យកងកម្លាំងដូចស្រុកស្អាងផងទៅ ។ សកម្មភាពបែបនេះ ធ្វើឲ្យមតិមហាជនរិះគន់ថា វិធានការរបស់ថ្នាក់លើមិនមានភាពស្មើគ្នា ព្រោះកងកម្លាំងដូចតែគ្នាសោះ ៕