លោកអធិការនគរបាលក្រុងកែបមិនខ្វលនឹងការចុះបង្រ្កាបសង្វៀនជល់មាន់ខុសច្បាប់ ២កន្លែងជាប់គ្នានៅភូមិថ្មី សង្កាត់ ព្រៃធំ និង ចំណុចទួលអង្គ ភូមិអូក្រសារ សង្កាត់អូក្រសារ ?

ខេត្តកែប ៖ ថ្មីទៀតដែលការិយាល័យThumb Post ទទួលបានប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មី សង្កាត់ ព្រៃធំ និង​ ចំណុចទួលអង្គ ភូមិអូក្រសារ សង្កាត់ អូក្រសារ នៅក្នុងក្រុងកែប ខេត្ត កែប បានរាយការណ៍ឲ្យដឹងថា នៅក្នុងភូមិឃុំរបស់ពួកគាត់មានល្បែងស៊ីសងគ្រប់ប្រភេទដែលបើកលេងយ៉ាងគគ្រឹកគគ្រេង លោកអធិការក្រុងកែប គ្មានវិធានការណ៍ចុះបង្ក្រាបទាល់តែសោះ ព្រោះតែលាភសក្ការះបន្តិចបន្តួច ?  ។

ប្រជាពលរដ្ឋបានបន្តទៀតថា ល្បែងស៊ីសងទាំងនោះមានដូចជាអាប៉ោង និងជាពិសេសមានទាំងបញ្ជល់មាន់ថែមទៀតផង ដែលបានបើកលេងជារៀងរាល់ថ្ងៃជាយូរយារណាស់មកហើយ ។ ល្បែងស៊ីសងនេះហើយជាប្រភពបង្កឱ្យមានចោរលួចចោរប្លន់រៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះក្រុមគ្រួសារខ្លះទៀតបានបែក បាក់គ្នាដោយអ្នកខ្លះអស់ទាំងប្លង់ដីប្លង់ផ្ទះព្រោះតែយកទៅបញ្ចាំដើម្បីយកមកលេងល្បែងស៊ីសង ហើយអ្នកខ្លះទៀត មិនមានអ្វីបញ្ចាំបានដើរលួចគោក្របី អ្នកស្រុកបាត់ស្ទើររាល់ថ្ងៃ ។ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ល្បែងស៊ីសងខាងលើនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកធំឡើងៗតែពុំឃើញមានសមត្ថកិច្ចមូលដ្ឋានបង្ក្រាបនោះទេ។ការបើកអោយដំណើរការល្បែងស៊ីសងជល់មាន់និងបៀរអាប៉ោងក្នុងនោះកំពុងតែកើតឡើងពេញបន្ទុកយ៉ាងអានាធិបតេយ្យនៅលើទឹកដីនៃក្រុងកែប ខេត្តកែប ដែលមានចំណុចដូចបានរៀបរាប់ខាងលើ ។

ល្បែងស៊ីសងនេះបានបើកអោយដំណើរ​ការយ៉ាងរលូនដែលមានរត់ការបង់ឲ្យសមត្ថ​​កិច្ចពាក់ព័ន្ធ ក៏ដូចជាលោកអធិការក្រុងកែបផងដែរ ? ។

សេចក្តីរាយការណ៍បានបញ្ជាក់អះអាងថាវង់ល្បែងស៊ីសងខាងលើនេះបើកលេងជារៀងរាល់ថ្ងៃ។  ប៉ុន្តែគ្មានសមត្ថកិច្ចពាក់ព័ន្ធមួយណាហ៊ានក្អកចេញមុខមកបិទនិងបង្ក្រាបអោយមានប្រសិទ្ធភាពឡើយ ។ កត្តាទាំងនេះហើយធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចកើតមានអំពើរចោរកម្ម ប្លន់ និងអសន្តិសុខសង្គម ព្រោះថាម្នាក់ៗអ្នកឈ្នះមុខខ្លាញ់ រីឯអ្នកចាញ់រាប់ម៉ឺនដុល្លារ មុខសេះរកអ្វី មិនបានក្រៅពីបែកគំនិតឆក់ ប្លន់ និង ប្រព្រឹត្តបទល្មើសផ្សេងៗទៀត ។

ប្រជាពលរដ្ឋរិះគន់បន្តថាគោលនយោបាយភូមិឃុំមានសុវត្ថិភាពនឹងទៅជាយ៉ាងណា? ដោយលោកអធិការក្រុងកែប យកមកធ្វើអាជីវកម្មជាន់ឈ្លីគ្មានញញើតបើកអោយមានល្បែងស៊ីសងទាំងនេះដើម្បីទទួលសំណូកក្រោមតុបានច្រើនដាក់ហោប៉ៅផ្ទាល់ខ្លួនតែបែបនេះ។

ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះភ្នាក់ងារអង្គភាព​ Thumb Post មិនអាចទំនាក់ទំនងសុំប្រតិកម្មពីលោកអធិការនគរបាលក្រុងកែបបានទេគិតត្រឹមថ្ងៃនេះ ។ ប្រជាពលរដ្ឋសំណូមពរសូមអោយថ្នាក់លើមេត្តាចាត់វិធានការបង្ក្រាបជាបន្ទាន់ព្រោះល្បែងគ្រប់ប្រភេទកំពុងប្រព្រឹត្តទៅហាក់គ្មានកោតញញើតអ្វីឡើយ ៕