សមត្ថកិច្ចចុះបង្ក្រាបករណីគ្រឿងញៀន នៅស្រុកបាទី ឈានដល់ការផ្ទុះអាវុធ


តាកែវ៖ សមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធចាប់មេក្លោង ចែកចាយគ្រឿងញៀននៅស្រុកបាទី ខេត្តតាកែវ ហើយមានផ្ទុះអាវុធ ដោយសារមេក្លោងគ្រឿងញៀននៅស្រុកបាទី បាញ់តដៃជាមួយនិងសមត្ថកិច្ច ។

មកដល់ពេលនេះនៅមិនទាន់ដឹងថា មានស្ថានការណ៍យ៉ាងណានៅឡើយទេ ។ សូមបញ្ជាក់ដែរថាករណីនេះ ប៉ូលីសក្រសួងមហាផ្ទៃ សហការជាមួយ និងកំលាំងនៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការតាមដាន និងឡោមព័ទ្ធទីតាំងដែលជនសង្ស័យ ជាមេក្លោងចែកចាយគ្រឿងញៀននៅ ភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី នៅរសៀលថ្ងៃទី៤ឧសភានេះ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការរងនគរបាលខេត្តតាកែវ បានឲ្យដឹងថា កម្លាំងនគរបាលក្រសួងមហាផ្ទៃបានចុះ ប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅភូមិក្រាំងក្រចាង ខាងជើងវត្តពោធិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល ខេត្តតាកែវ ខណៈនោះជនសង្ស័យ បានបាញ់តដៃជាមួយសមត្ថកិច្ច៕