ឯកឧត្តមខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មាន ត្រូវតែនាំគ្នាខិតខំបញ្ចេញព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ


ភ្នំពេញ៖  នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងពិធីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៩ ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មាន ក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ» បានថ្លែងថា អ្នកសារព័ត៌មាន ត្រូវតែនាំគ្នាខិតខំបញ្ចេញព័ត៌មានពិត ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ។

ឯកឧត្តមរដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានអាជីព និងធ្វើឲ្យសង្គមជាតិទាំងមូលវឹកវរ ដូច្នេះហើយកាតព្វកិច្ចរបស់អ្នកសារព័ត៌មាន ត្រូវតែបញ្ចេញរឿងពិតដើម្បីបន្សាបព័ត៌មានក្លែងបន្លំទាំងអស់នោះ ដែលបញ្ចេញដោយជនទុចរិក។

រដ្ឋមន្ដ្រី ខៀវ កាញារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា«ខ្ញុំសូមឲ្យបងប្អូនអ្នកសារព័ត៌មានជាតិ អន្ដរជាតិ បន្ដការខិតខំប្រឹងប្រែងថែមទៀត ក្នុងប្រយុទ្ធប្រឆាំង ទប់ស្កាត់ព័ត៌មានក្លែងបន្លំ ដោយការបញ្ចេញព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ធ្វើឲ្យបាត់បង់តម្លៃសារព័ត៌មានអាជីព និងបាត់បង់នូវការគាំទ្រពីសាធារណជន ព្រមទាំងធ្វើឲ្យសង្គមមានភាពវឹកវរ»។

បន្ថែមពីនេះ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានអំពាវនាវឲ្យអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ បន្ដខិតខំប្រឹងប្រែងបំពេញការងារ ដោយគោរពទៅតាមក្របសីលធម៌ វិជ្ជាជីវៈ រក្សានូវភាពថ្លៃថ្នូរ និងខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីដើរទាន់ការរីកចម្រើននូវបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន និងជៀសវាងនូវការប្រព្រឹត្តអំពើខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃសារព័ត៌មាន ដូចជាការយកតួនាទីនេះទៅកាងអំពើល្មើសច្បាប់ជាដើម។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិតចំនួន៣ទំព័រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសាកលលោក លើកទី២៦ ក្រោមប្រធានបទ «តួនាទីប្រកបដោយសក្តានុពលរបស់អ្នកសារព័ត៌មានក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យ»។

ក្នុងសារលិខិតនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចពីសារៈសំខាន់ជាច្រើនរបស់អ្នកសារព័ត៌មានក្នុងបុព្វហេតុសង្គមជាតិ ហើយក៏បានអំពាវនាវឲ្យអ្នកព័ត៌មានរួមគ្នា បំពេញការងារប្រកបដោយវិជ្ជាជីវៈក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមបានកាន់តែល្អប្រសើរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិយាយការពិត រិះគន់ក្នុងន័យស្ថាបនា និងត្រូវធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញតភាពសង្គម ដើម្បីជួយកសាងយុត្តិធម៌សង្គម រក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ៕