មហាជនរង់ចាំមើលថាលោក ស៊ឹម កុសល់ អធិការស្រុកពារាំង អាចបង្រ្កាបវង់ល្បែងជល់មាន់ និងអាប៉ោងដែលមានមេវង់ឈ្មោះ បូ បានដែរឬទេ ក្រោយមានការចុះផ្សាយពីបណ្តាសារព័ត៌មានក្នុងស្រុកថាលោកជាអ្នកនៅពីក្រោយខ្នងនៃការបើកវង់ល្បែងមួយនេះទើបគ្មានការបង្រ្កាប ?

ព្រៃវែង៖ ប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំថានៅស្រុកពារាំង បច្ចុប្បន្ន សំបូរទៅដោយអំពើចោរកម្ម លួចគាស់ផ្ទះ ឆក់ ប្លន់ ឥតឈប់ឈរ ធ្វើឱ្យពួកគាត់ដេកមិនលក់ បក់មិនល្ហើយ ខ្វះភាពកក់ក្ដៅយ៉ាងខ្លាំង ដោយសារ តែមានកំពូលវង់ល្បែងស៊ីសងជល់មាន់និងអាប៉ោង ដ៏រឹងមាំមួយកន្លែងរបស់លោក បូ បើកសេវាលេងភ្នាល់ស៊ីលុយរាប់លានរៀលមិន ចាញ់កាស៊ីណូប៉ុន្មាននោះទេ។

ប្រភពបានបន្តថា កំពូលវង់ល្បែងស៊ីសងដ៏រឹងមាំនេះ មានបើកលេង ជល់មាន់និង អាប៉ោងចំតិតអ៊ុតចាក់ឥតអាសូរ ស៊ីលុយឆៅៗស្រស់ៗ ដែលធ្វើឱ្យប្រជាពលរដ្ឋអ្នកលេងចាញ់ ត្រឡប់ ទៅផ្ទះវិញ បង្កភាពក្ដៅក្រហាយឱ្យក្រុមគ្រួសារ ឈ្លោះទាស់ទែង ប្រើអំពើហិង្សាទៅលើប្រពន្ធ-កូន , ហើយអ្នកខ្លះបែកគំនិតចេញធ្វើចោរ លួចគាស់ផ្ទះគេ ចោរឆក់ទ្រព្យសម្បត្តិ និងចោរប្លន់ទៀតផង។

ដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់ លោក​ ស៊ឹម កុសល់ អធិការស្រុកពារាំង, អភិបាលស្រុកពារាំង និង លោក ស្នងការនគរបាលខេត្តព្រៃវែង ចូលទៅលេងល្បែងស៊ីសងដ៏គួឲ្យរំភើប សប្បាយរីករាយនេះផង …។ វង់ល្បែងដ៏ធំសម្បើមរបស់លោក បូ នេះ មានទីតាំងស្ថិតនៅ ចំណុចភូមិរការ ក្នុងឃុំ រការ ស្រុកពារាំង ខេត្ត ព្រៃវែង ក្បែរច្រមុះ និងភ្នែករបស់សមត្ថកិច្ចតែម្តង…ហើយ បើថា ប៉ុណ្ណឹងហើយរកមិនឃើញទៀត មិនបាច់នៅធ្វើអាជ្ញាធរ ឬថ្នាក់ដឹកនាំ ការពារខ្មោចយ៍អីទេ។

ប្រជាពលរដ្ឋគ្រួសារអ្នករងគ្រោះប្រាប់ភ្នាក់ងារ Thumb Post ថា កំពូលវង់ល្បែងនេះ បើកលេងយូរខែ យូរឆ្នាំហើយ គ្មានឃើញអាជ្ញាធររូបណា ចុះទៅបង្ក្រាបដើម្បីលុបបំបាត់ល្បែងពាលាអាវាសែនោះទេ។ បានជាប្រជាពលរដ្ឋនិយាយថា ទីតាំងខាងលើនេះ ជាកំពូលវង់ល្បែងស៊ីសងនោះ ពីព្រោះថា ១- មានបុព្វសិទ្ធិបើកលេងភ្នាល់ គ្មានសមត្ថកិច្ចបង្ក្រាប , ២- មានប្រភេទល្បែងច្រើនមុខ ដូចជា , លេងបញ្ជល់មាន់ អាប៉ោង ចាក់អ៊ុត ចំតិតអ៊ុត , ៣- លេងភ្នាល់ស៊ីលុយរាប់លានរៀល។
ប្រជាពលរដ្ឋនិយាយទៀតថា បើសមត្ថកិច្ច និងអាជ្ញាធរ មិនចុះទៅបង្ក្រាបទេ អំពើចោរកម្ម លួច ឆក់ ប្លន់ និងកើតមានពេញបន្ទុក, ជាពិសេសក្នុងគ្រួសារពួកគាត់ និងក្លាយជាគ្រួសារក្ដៅក្រហាយ ឈ្លោះទាស់ទែង ហិង្សា លែងលះប្ដី-ប្រពន្ធ … ដូច្នេះ កុំដោយសារបានលុយពីវង់ល្បែងតិចតួច ឬក្រុមមេល្បែងយកលុយទៅញ៉ុកមាត់ជិត ចងដៃ ចងជើងជាប់ធ្វើអីមិនកើតនោះ។

ប្រជាពលរដ្ឋលើកឡើងថា ពួកគាត់បារម្ភខ្លាំងណាស់ គឺខ្លាចសមត្ថកិច្ចមិនទៅបង្ក្រាបវង់ ល្បែងនេះ ដោយសារតែពួកគេមានហ៊ុនហយ ឬទទួលសំណូកពីក្រុមមេល្បែង … បើគ្មានហ៊ុនហយ ឬមិនបានទទួលសំណូកអ្វីនោះទេ គឺគួរណាស់តែចុះបង្ក្រាបដើម្បីសេចក្ដីសុខប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយរាជរដ្ឋា ភិបាលស្តីពី ភូមិ-ឃុំ មានសុវត្ថិភាព ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើនេះភ្នាក់ងារ ThumbPost បានទំនាក់ទំនងទៅលោក ស៊ឹម កុសល់ ដើម្បីរាយការជូន លោកបានប្រាប់ថាលោកមិនបានដឹងព័ត៌មាននេះទេ ចាំលោកឲ្យកម្លាំងរបស់លោកចុះទៅមើល មួយសន្ទុះក្រោយមកលោកបានប្រាប់ភ្នាក់ងារយើងថា គ្មានសកម្មភាពដូចការលើកឡើងនោះទេ ។

មុននេះបន្តិចប្រជាពលរដ្ឋរាយការណ៍មកថា វង់ល្បែងមួយវង់នេះនៅតែបន្តសកម្មភាពដដែលក្រោយកម្លាំងសមត្ថកិច្ចចេញផុត ។ ពលរដ្ឋចោទជាសំនួរសួរថា ហេតុអ្វីផ្អាកបានតែមួយចំអិនកំពឺសបែបនេះ ?

ThumbPost សូមជម្រាបផងដែរថា ការផ្សាយសំណូមពររបស់ពលរដ្ឋនេះ មិនមែនជាលក្ខណៈមួលបង្កាច់បង្ខូច ដល់បុគ្គលណាមួយនោះឡើយ Thumb Post និងផ្សាយបន្តអំពីដំណើរការសង្វៀនបញ្ជល់មាន់នេះ ជូនមហាជន ជ្រាបនៅពេលខាងមុខ ៕ ព័ត៌មានលម្អិតទំនាក់ទំនងតាមទូរស័ព្ទ៖ 017 767 798