ប្រធាន​សាខា​កាំកុង​ត្រូល​​ ខេត្ត​ស្វាយ​រៀង៖​​ ការ​ទទួល​ខុស​ត្រូវ​លើ​សុវត្ថិភាព​ម្ហូប​អាហារ​ គឺជា​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​​ បង​ប្អូន​ប្រជា​ពល​រដ្ឋ​សូម​ប្រយ័ត្ន!​


ខេត្តស្វាយរៀង៖​ លោក ផឹង និល ប្រធានសាខាកាំកុងត្រូល​ ខេត្តស្វាយរៀង​ បានឲ្យដឹងថា: ចំពោះការចុះត្រួតពិនិត្យមុខទំនិញដែលតែងតែធ្វើជារឿយៗនេះ​ គឺគោលបំណងធានាឱ្យបាននូវសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ ហើយការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ។​

លោក ផឹង និល​ លើកឡើងបែបនេះ​ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ខណៈក្រុមការងាររបស់លោក​ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យម្ហូបអាហារ និងទំនិញតាំងពិពណ៌ពាណិជ្ជកម្មកម្ពុជា-​ថៃ នៅក្នុងឱកាសការប្រកួតកីឡាទូកខ្នាតអន្តរជាតិ​ “ទូកនាគ” នៅទីតាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា​ មានទូកមកពីបណ្តាខេត្តចំនួន៦ ចូលរួមប្រកួតដណ្តើមជ័យលាភីពានរង្វាន់សម្តេចក្រឡាហោម ស ខេង​ ដែលនឹងប្រព្រឹត្តិទៅ​ នាថ្ងៃទី២៧ នឹង២៨ ខែកក្កដា ឆ្នាំ២០១៩​ ខាងមុខនេះ ហើយក៏មានការតាំងពិពរណ៌ទំនិញពាណិជ្ជកម្មកម្ពុជា-​ថៃ ដែលមានទំនិញផ្សេងៗ​ និងគ្រឿងម្ហូបអាហារជាច្រើនមុខ លក់សំរាប់ពលរដ្ឋហូបនៅក្នុងពិធីនេះផងដែរ។

លោក ផឹង និល​ បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទឲ្យបានច្បាស់លាស់៕​ ដោយ រូប គោ​