មន្ត្រីសាធារណការ ខេត្តព្រះសីហនុ គូសគំនូសចតរថយន្ត លើចិញ្ចើមផ្លូវសាធារណៈ លោកប្រធានមន្ទីរឆ្លើយថា កុំឲ្យតែចតលើផ្លូវ

ខេត្តព្រះសីហនុ៖ ការរីកចម្រើនរបស់ខេត្តព្រះសីហនុ កំពុងមានសន្ទុះយ៉ាងខ្លាំង ក្នុងវិស័យសំណង់និងវិស័យកាស៊ីណូ ដូច្នេះការសាងសង់ រំលោភលើផ្លូវសាធារណៈ ក៏មានច្រើនករណី ទោះបីអាជ្ញាធរខេត្តព្រះសីហនុ និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ខិតខំ ទប់ស្កាត់យ៉ាងណាក៏ដោយ ក៏នៅតែមានការខ្វះចន្លោះ។ ជាក់ស្ដែង កាស៊ីណូឈ្មោះ (ទីងសីងអន្តរជាតិ) បានយកផ្លូវ សាធារណៈធ្វើជាចំណតរថយន្ត របស់កាស៊ីណូខ្លួន ដែលមានទីតាំង ស្ថិតនៅ មហោស្របចាស់ ទល់មុខនឹងសង្កាត់លេខ២ ក្រុងព្រះសីហនុ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គំនូសចំណតរថយន្តលើផ្លូវសាធារណៈនេះ គឺមានការគូសពីមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្ត។ ពលរដ្ឋទាំងនោះបានលើកឡើងថា ផ្លូវតូចចង្អៀត ហើយរថយន្តកំពុងតែមានកំណើតនិងការកកស្ទះ សឹងតែរាល់ថ្ងៃនោះ មិនសមនឹង បណ្ដែតបណ្ដោយឲ្យ មានការចតរថយន្តលើចិញ្ចើមផ្លូវនោះឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ណុប ហេង ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូន ខេត្តព្រះសីហនុ បានឲ្យព័ត៌មានយើងដឹងថា ហ្នឹងហើយចិញ្ចឹមផ្លូវតើ បើវាចតលើចិញ្ចើមផ្លូវ ឃាត់វាទៅ គេសុំអោយទៅគូសហើយគូសអោយគេទៅ មានបញ្ហាអីអាហ្នឹង? កុំឲ្យតែចតលើថ្នល់ ខ្ញុំឲ្យមន្ត្រីខ្ញុំទៅវាស់ហើយ ខុសគ្នាពីរតឹក អញ្ចឹងផ្លូវហ្នឹងប៉ុន្មានទទឹងប៉ុន្មានយើងមើលទៅឃើញហើយ គេគូសអោយចតតែត្រឹមហ្នឹង បើចតលើសទើបខុស។​

ទោះជាយ៉ាងណាក៏ដោយ បញ្ហាគូសគំនូស ចតរថយន្តលើចិញ្ចើមផ្លូវសាធារណៈ មុខកាស៊ីណូរបស់ជនជាតិចិននេះ ក៏បានបង្កការកកស្ទះ មួយចំនួនផងដែរ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ។ គួរបញ្ជាក់ផងដែរថា ផ្លូវសាធារណៈ​របស់រដ្ឋ​មិនអាច​បុគ្គល​ណា​ម្នាក់​គូសវាស​ផ្ដល់​ទៅឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម​បាននោះ​ឡើង​ ម្យ៉ាងទៀត​ផ្លូវនេះ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ សម្រាប់រថយន្តចូលក្នុងក្រុង៕