ក្រុមហ៊ុន ភឺន ផល្លា ចេញលិខិតបំភ្លឺ ពីការចុះវាស់វែង កំណត់និយាមការព្រំដីនៅស្អាង និង ស្រុកោះធំ ខេត្តកណ្តាល

ភ្នំពេញ ៖ ក្រោយពីគណៈកម្មការចំរុះ បានចុះអង្កេត វាស់វែង កំណត់និយាមការ ព្រំប្រទល់ដី នៅក្នុងស្រុកស្អាង ស្រុកលើកដែក និង ស្រុកកោះធំ កាលពីថ្ងៃទី 19 ខែសីហា ឆ្នាំ 2019 កន្លងមកនោះ គឺមានបាតុភាព នៃការពង្រីកព័ត៌មាន តៗគ្នា ដែលនាំអោយមានការយល់ច្រលំ និង ម្យ៉ាងទៀតបានធ្វើអោយប៉ះពាល់ កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់ក្រុមហ៊ុន ក៏ដូចលោក ភឺន ផល្លា តែម្តង ។

ការសំរង់អត្ថបទ រឺ សំណេរ កាន់តែខុសពីការពិតនោះ ធ្វើអោយ លោក ភឺន ផល្លា តាមរយៈមេធាវីកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ ចេញលិខិត១ច្បាប់ ដើម្បី
បំភ្លឺ អោយសាធារណៈជន ក៏ដូចបណ្តាញ សារព័ត៌មានបានយល់ច្បាស់ពីដំណើរនៃសាច់រឿង ។ ខ្លឹមសារនៃសេចក្តីបំភ្លឺនោះបាន លើកឡើងថា ។

1-ចំពោះករណីចុះវាស់វែង កំណត់និយាមកាព្រំដីនៅស្រុកស្អាង និងស្រុកកោះធំ គឺជាការចុះវាស់វែងដែលដឹកនាំដោយថ្នាក់ក្រសួង និងអន្តរក្រសួងផ្សេងទៀតដែលពាក់ព័ន្ធដែលមានភាពត្រឹមត្រូវនិងស្របច្បាប់ ពីព្រោះលោក ភឺន ផល្លា បានដាក់លិខិតស្នើសុំត្រឹមត្រូវទៅក្រសួង និងបានទទួលកិច្ចសហការយ៉ាងពេញលេញពីអន្តរក្រសួងដែលពាក់ព័ន្ធក្នុងការចុះវាស់វែងនេះផងដែរ។ មុននិងឈានដល់ការចុះវាស់វែងនេះ ថ្នាក់ខេត្ត និងក្រសួងបានបើកកិច្ចប្រជុំពេញអង្គមួយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៩:៣០ នាទីព្រឹក នៅសាលាស្រុកស្អាង ក្រោមការដឹកនាំប្រជុំសម្របសម្រួលរបស់ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្ត និងលោក ស៊ូ សុខជា ប្រធាននាយកដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចុះមកអនុវត្តតាមស្មារតីលិខិតលេខ ៣៨៧ សជណ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្តីពីការស្នើសុំផ្ដល់កិច្ចសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យ វាស់វែង កំណត់និយាមកា និងដោះស្រាយផលប៉ះពាល់ នៅលើទីតាំងស្នើសុំចុះបញ្ជីរបស់ឈ្មោះ ភឺន ផល្លា ស្ថិតនៅភូមិសាស្ត្រស្រុកស្អាង និងស្រុកកោះធំ។ចំពោះករណីមានប្រជាពលរដ្ឋមួយក្ដាប់តូច ដែលដឹកនាំដោយក្រុមមេការ និងក្រុមឈ្មួញរកស៊ីដីមិនស្របច្បាប់ បានចេញមកធ្វើការរារាំង និងតវ៉ា ត្រង់ចំណុចដី បឹងកងចក្រ ជាប់ព្រំប្រទល់ឃុំប្រាសាទ ស្រុកស្អាង និងស្រុកលើកដែកគឺជាការរៀបចំឆាកល្ខោនរបស់ក្រុមឈ្មួញនោះតែប៉ុណ្ណោះ ក្នុងគោលបំណងការពារប្រយោជន៍ផ្ទាល់ខ្លួន ទើបធ្វើការកេណ្ឌប្រជាពលរដ្ឋមួយក្ដាប់តូច ដែលមិនស្គាល់ទីតាំងដី និងមិនមានឯកសារច្បាស់លាស់ មកបង្កភាពចលាចល ដើម្បីរារាំងក្រុមការងារជំនាញរបស់ក្រសួង។

2-ចំពោះករណីរឿងប្រជាពលរដ្ឋ០២នាក់មានរងគ្រោះថ្នាក់ និងបញ្ជូនទៅមន្ទីរពេទ្យ ជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងតែប៉ុណ្ណោះដោយមិនមានពាក់ព័ន្ធជាមួយនិង លោក ភឺន ផល្លា ឡើយ។ នៅជុំវិញករណីរឿងនេះប៉ូលីសបានធ្វើការឃាត់រថយន្តបង្កហេតុទាំងពីរនោះដើម្បីធ្វើការសាកសួរ និងដោះស្រាយតាមនីតិវិធីច្បាប់ផងដែរ។

ជាចុងក្រោយ លោក ភឺន ផល្លា បានស្នើយ៉ាងទទូចដល់បណ្តាញអ្នកសារព័ត៌មាន សូមធ្វើការចុះផ្សាយអោយបានត្រឹមត្រូវ នូវអ្វីដែលជារឿងពិត ពោលកុំប្រឌិត តៗគ្នា នាំអោយសាធារណៈជន យល់ខុស រឺហៅម្យ៉ាងទៀត ធ្វើឡើងដើម្បីបំពុលសង្គម ដែលធ្វើអោយជនឆក់
ឳកាសនិយម ធ្វើការ វ៉ៃប្រហារទៅដល់រាជរដ្ឋាភិបាលផងដែរ ៕